១.ការបន្តពូជ និងការជ្រើសរើសពូជ
-ដំណាំល្ហុងបន្តពូជដោយគ្រាប់
-ជ្រើសរើសផ្លែល្ហុងណាដែលទុំ ឬស្រគាល (មិនមែនទុំជោរពេកទេ) មកពុះយកគ្រាប់លាងទឹកឱ្យអស់រំអិល។ បើមិនយកទៅបណ្តុះភ្លាមទេ ត្រូវយកគ្រាប់ទៅសំដិលហាលថ្ងៃ ឬខ្យល់ឱ្យស្ងួតសិន ទើបរក្សាទុក។គ្រាប់ល្ហុងអាចរក្សាទុកបានរយៈពេល ២ ទៅ ៣ខែ ។
២.បណ្តុះកូន
ដំណាំល្ហុង អាចដាំដោយបណ្តុះកូនជាមុន ឬក៏អាចដាំផ្ទាល់តែម្តងក៏បាន អាចបណ្តុះកូនក្នុងថង់ប្លាស្ទិក ផើង ឬថ្នាលក៏បាន។ ដីដែលបណ្តុះ គឺជាដីមានជីជាតិច្រើន។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ ត្រូវលុបដីសើរៗ ពីលើឱ្យស្តើងបំផុត ដើម្បីឱ្យគ្រាប់ឆាប់ដុះ ។ នៅពេលគ្រាប់ដុះ ត្រូវដករំលោះកូនចេញខ្លះ ទុកតែដើមណា ដែលរឹងមាំល្អ។ លុះដល់កូនដុះបានកំពស់១ទៅ២តឹក (ស្លឹក៥-៦ធាង) ទើបគាស់យកទៅដាំនៅចំការ។នៅចំការ ត្រូវរក្សាទុកដើមល្ហុងឈ្មោលខ្លះ គឺយ៉ាងតិចបំផុតក្នុងចំណោមល្ហុងពី២៥ដើម ក៏មានល្ហុងឈ្មោលមួយដើមដែរ ។
៣.របៀបរៀបចំដីដាំ
កាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង ចំងាយពីរណ្តៅមួយទៅមួយពី ២,៥ ទៅ ៣ម៉ែត្រ។ កាយដីក្នុងរណ្តៅដាក់មាត់រណ្តៅ។ ក្នុងរណ្តៅដាក់ជីលាមកគោស្ងួត ស្មៅស្ងួត ដោយច្របល់ជាមួយដីឱ្យបានកន្លះរណ្តៅ។ យកអំបែងក្បឿងបន្ទះប៉ុនបាតដៃ ឬ១តឹកបួនជ្រុង ដាក់ឱ្យចំកណ្តាលរណ្តៅ។ បន្ថែមជី និងដីទៀតរហូតដល់ពេញរណ្តៅ ។
៤.របៀបដាំ
មុនដាំត្រូវកាប់ដី ឬភ្ជួរហាលចោលពី ៥ ទៅ ៧ថ្ងៃ ដើម្បីឱ្យដីស្រស់ទឹកល្អ។ កាប់រណ្តៅ ដែលមានទំហំកន្លះម៉ែត្របួនជ្រុង និងរណ្តៅឃ្លាតពីគ្នា ៣ម៉ែត្រមួយ។ ក្នុងរណ្តៅ ត្រូវដាក់ជីកំប៉ុស្ត ឬជីលាមកសត្វបន្ថែម។ ច្របល់ជាមួយដីឱ្យសព្វ ទើបដាក់កូនដាំ។
ជ្រើសរើសយកកូនល្ហុង ដែលបានត្រៀមទុក ដោយយកតែកូនណាដែលថ្លោសល្អមកដាំ។ នៅពេលដាំ លៃយ៉ាងណាឱ្យឫសល្ហុងនៅចំពីលើអំបែងក្បឿងនោះ កុំឱ្យកូនល្ហុងបាក់ដើម ឬដាច់ឫស។ ក្រោយពីដាំហើយ ត្រូវសង្កត់ដីជុំវិញកូនល្ហុងឱ្យណែន រួចស្រោចទឹកឱ្យជោគ។ ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ថ្ងៃ កូនល្ហុងអាចដុះឫស ពង្រឹងដើមបានខ្លះ។ ក្នុងអំឡុងពេលនេះ ប្រសិនបើគ្មានភ្លៀង ត្រូវប្រញាប់ស្រោចទឹក ដើម្បីកុំឱ្យកូនល្ហុងក្រិន ។
៥.មូលហេតុនៃការអំបែងក្បឿងកណ្តាលរណ្តៅ៖
ដាំល្ហុងដោយដាក់ឫសកែវចំអំបែងក្បឿង ជួយឱ្យឫសកែវក្រិន ហាក់បីដូចជាបានគ្រៀវឫសនោះដែរ បើកូនល្ហុងនោះជាល្ហុងឈ្មោល ក៏ក្លាយជាល្ហុងញីដែរ។ ផ្ទុយទៅវិញ ប្រសិនបើទុកឱ្យឫសកែវចាក់ចុះទៅ ក្នុងដីជ្រៅ ធ្វើឱ្យដើមខ្ពស់ពេលមានផ្លែ ឬខ្យល់ដើមនឹងរលំបាក់
ការកាប់រណ្តៅធំ ដាក់ជីធម្មជាតិ ច្រើនជួយឱ្យល្ហុងដុះលឿន មានដើមថ្លោស និងឆាប់ផ្តល់ផល។ នៅពេលដែលដើមល្ហុងមានផ្លែច្រើន ត្រូវបេះផ្លែដែលមិនសូវល្អចោលខ្លះ ដើម្បីឱ្យផ្លែដែលនៅសល់ធំៗល្អ។ ការដាំល្ហុងឱ្យមានដើមទាប និងផ្លែច្រើននេះ គឺដោយសារ ដាក់អំបែងក្បឿងឱ្យចំឫសកែវ កាប់រណ្តៅឱ្យធំដាក់ជីធម្មជាតិ និងបេះផ្លែចោលខ្លះ ដើម្បីឱ្យផ្លែនៅសល់ធំៗ ។
៦.ពេលវេលាដាំ៖ អាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀង ពិសេសចៀសវាងកុំឱ្យកូនល្ហុងទទួលការជាំទឹកបាន ។
៧.វិធីថែទាំ
ស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ ។ល។
ការស្រោចទឹក ៖ ក្រោយពីកូនល្ហុងដុះលូតលាស់ល្អហើយ ត្រូវបន្តការស្រោចទឹកទៀត។ សេចក្តីត្រូវការទឹករបស់វា អាស្រ័យទៅតាមអាយុ និងអាកាសធាតុ។ នៅរដូវវស្សា មិនចាំបាច់ស្រោចទឹកទេ ព្រោះល្ហុងមិនត្រូវការដីជាំទឹកទេ។ នៅរដូវប្រាំង គួរស្រោចទឹក៥ថ្ងៃម្តង ចំពោះដើមល្ហុងណាដែលផ្តល់ផ្លែ។ ប្រសិនបើទឹកពុំគ្រប់គ្រាន់ ក្នុងរយៈពេលនេះ អាចធ្វើឱ្យផ្លែល្ហុងតូចៗ ដើមរៀវតូច និងផ្លែតិច ។
ការដាក់ជី៖ ការដាក់ជីយើងអាចដាក់នៅពេលដាំ និងដាក់ជីបំប៉ន។ សេចក្តីត្រូវការជីនៃដំណាំល្ហុង អាស្រ័យទៅតាមអាយុរបស់វា។ ល្ហុងអាយុកាន់តែច្រើន សេចក្តីត្រូវការជីកាន់តែច្រើនដែរ។ វិធីដាក់ជី គេច្រើនដាក់នៅជុំវិញ ទំហំស្លឹក ឬក្បែរគល់ ក្រោយពីដាក់ហើយ ត្រូវលប់ដីភ្លាម ហើយស្រោចទឹកឱ្យជោក សំខាន់បំផុត នៅពេលល្ហុងលូតធំ ត្រូវពូនជុំវិញគល់បន្ថែមដោយប្រើដីមានជីជាតិ ឬជីកំប៉ុស្ត ។
ការពូនគល់ ៖ត្រូវធ្វើជាប់ជានិច្ច លៃយ៉ាងណាកុំឱ្យឃើញមានឫសចេញមកខាងលើផ្ទៃដី។ ការពូនរបៀបនេះ ធ្វើឱ្យឫសដែលដុះចេញមកអាចស្រូបយកជីជាតិ និងទឹកបានគ្រប់គ្រាន់ល្អ ។
៨.ការប្រមូលផល
អាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ។ ពេលល្ហុងចាប់ផ្តើមផ្កាផ្លែ អាចបេះរហូតពេញមួយឆ្នាំ។ ល្ហុងឱ្យផលច្រើននៅពេលមានអាយុពី ២ ទៅ ៣ឆ្នាំ
ចាប់ពីអាយុ ៤ ទៅ ៥ឆ្នាំ ដើមរបស់វាចាប់លូតលាស់ខ្សោយ ផ្កាផ្លែក៏ចុះថយដែរ
វិធីបេះ គឺត្រូវកាត់ផ្លែនៅទងសណ្តង់ឱ្យកៀកជិតដើម រួចសឹមកាត់ទង ដែលសល់វែងនោះចោល។ វិធីប្រមូលផលបែបនេះ ទើបត្រូវតាមក្បួនខ្នាត៕
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត