១.ការរៀបចំរណ្តៅសម្រាប់ដាំ
-យើងត្រូវកាប់រណ្តៅទំហំ ៤០សង់ទីម៉ែត្រ ៤ជ្រុងក្នុងជម្រៅ កន្លះម៉ែត្រ
-បើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ។
២.ការរៀបចំគ្រាប់ពូជសម្រាប់ដាំ
-គ្រាប់ពូជមុនពេលដាក់បណ្តុះ យើងត្រូវយកទៅហាលថ្ងៃជាមុនសិន ដើម្បីជាការដាស់ដំណេកវា
-បន្ទាប់មកយកទៅត្រាំទឹកមួយយប់ រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី ៨ ទៅ ១២ថ្ងៃប៉ុណ្ណោះ
-នៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំនោះ។
៣.ក្រោយពីដាំរួច យើងត្រូវអនុវត្តបីជំហាន៖
-ជំហានទី១ ពេលកូនត្រឡាចដុះលូតលាស់បាន ៧សន្លឹក យើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងបាន ទទួលទងថ្មីចំនួនបីបន្ថែមទៀត។
-ជំហានទី២ ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន ៧ស្លឹក យើងបន្តអនុវត្តដូចជំហានទី១ ទៀត ពេលនោះយើងនឹងបានទងថ្មីចំនួន ៧បន្ថែមទៀត។
-ជំហានទី៣ យើងនៅតែបន្តអនុវត្តដូចជំហានទី១ និង ទី២ ដដែលហើយពេលនោះ យើងនឹងបានទទួលទងថ្មីពី ៣០ ទៅ ៣៥ទង។ ដូច្នេះវាជាដំណាក់កាលដែលយើងត្រូវបន្ថែមជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់វា។
ការដាក់ជីនេះ យើងត្រូវដាក់នៅសងខាងចេញពីរណ្តៅត្រឡាចពី ៣០ ទៅ ៥០សង់ទីម៉ែត្រ មានដូចជាជីកំប៉ុស្ត លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះត្រឡាចលូតលាស់បានល្អ មានរយៈពេលយូររហូតដល់ជាង ២ខែ ហើយក៏ជាដំណាក់កាលដែលត្រឡាចចាស់ទង និងចាប់ផ្តើមចេញផ្កា និងផ្លែផងដែរ។
៤.ការប្រមូលផល
ក្រោយពីដាំបានរយះពេល ៣០ ទៅ ៤៥ថ្ងៃ អាចប្រមូលផលបានហើយ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត