១.លក្ខណៈអាកាសធាតុ និងដី
រមៀតអាចដាំបាននៅលើដីច្រើនប្រភេទ។ យកល្អដីដែលដាំត្រូវជាដីធូរ ដីល្បាយខ្សាច់ ដីល្បាប់ជាប្រភេទ ដីមិនលិចទឹក។ ទីកន្លែងដាំរមៀតត្រូវជិតប្រភពផ្ដល់ទឹកសំរាប់ស្រោចគ្រប់គ្រាន់ និងមិនឲ្យជោរទឹកផង។ រមៀតអាចដុះលូតលាស់ក្នុងម្លប់ និងក្រោមពន្លឺថ្ងៃក៏បាន។
២.វិធីក្នុងការដាំ
រមៀតជាដំណាំដែលបន្តពូជដោយមើម គេអាចដាំដោយប្រើក្បាលរមៀត ឬប្រើខ្នែងមើមរមៀតក៏បានដូចគ្នា។ ក្នុងការដាំគេត្រូវកាប់ជ្រោយដីឲ្យផុសល្អ ឬលើកជារងដាំក៏បាន។ ភាគច្រើនគេដាំចំរុះជាមួយដំណាំផ្សេងៗ នៅពីក្រោម ដំណាំដែលត្រូវការពន្លឺ។
៣.ពេលវេលាក្នុងការដាំ
ពេលវេលាដាំដែលល្អ គឺចាប់ពីខែឧសភា ដល់ខែកក្កដា។ ក្រោយពេលដាំត្រូវថែទាំស្រោចទឹករយៈពេល ១៥ថ្ងៃ ។ មើមរមៀតនឹងចាប់ផ្ដើមដុះចេញខ្នែងថ្មីមួយខែក្រោយដាំ។
៤.ការប្រមូលផល
មើមរមៀតលូតលាស់លឿនក្នុងរយៈពេល ៤ខែ។ មើមរបស់វានឹងរីកធំល្អចាប់ពីអាយុ ៧ ទៅ ៩ខែ ក្រោយពេលដាំ។ ប៉ុន្តែយកល្អគេប្រមូលផលនៅពេលអស់ទឹកភ្លៀងចុងឆ្នាំ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ជាបន្តបន្ទាប់។
សរុបមករមៀតជាដំណាំគ្រឿងទេសមួយប្រភេទ ដែលមានលក្ខណៈសមស្របល្អងាយស្រួលក្នុងការដាំ និងមានផលប្រយោជន៍ជាច្រើនដូចជា៖
-មិនសូវរើសដី អាចដាំបាននៅលើដីច្រើនប្រភេទ
-វាអាចដុះលូតលាស់នៅក្នុងម្លប់ និងក្រោមពន្លឺថ្ងៃក៏បាន ដែលជាលក្ខណៈងាយស្រួលឲ្យយើងដាំចំរុះជាមួយដំណាំផ្សេងទៀតនៅក្នុងសួន
-មិនទាមទារការថែទាំច្រើន
-មានផលប្រយោជន៍ច្រើនមុខ អាចប្រើជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបបរិភោគ ធ្វើជាថ្នាំសំរាប់ព្យាបាលរោគមនុស្ស និងសត្វផងដែរ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត