១.ការសាបកូនប៉េងប៉ោះ
ពូជប៉េងប៉ោះ ដែលគេដាំជាពូជដែលរក្សាទុកដោយខ្លួនឯង។ មុនដាំគេបានសាបគ្រាប់លើផ្ទៃដី ៥៦ម៉ែត្រការ៉េ ដោយប្រើពូជអស់ ១០ផ្លែ។ នៅលើថ្នាលសាបគេបានដាក់ជីកំប៉ុស្តអស់ ២០គីឡូក្រាម។ បន្ទាប់មកគេលើករង រួចចាប់ផ្តើមព្រួសតែម្តង។ ក្រោយពីព្រួសគ្រាប់ ហើយគាត់យកដីធម្មតាច្របល់ឲ្យម៉ដ្ឋរោយពីលើ ដើម្បីកុំឲ្យអណ្តែតនៅពេលស្រោចទឹក ឬសត្វបំផ្លាញ។ បន្ទាប់មកបាញ់ថ្នាំពុលធម្មជាតិដែលគេបានផ្សំ ដើម្បីការពារសត្វល្អិតបំផ្លាញមុនពេលគ្រាប់ដុះ។ ក្រោយពីសាបគ្រាប់រួចរាល់ហើយ គេយកស្លឹកដូងគ្របថ្នាលរយៈពេល ៣ថ្ងៃ ទើបបើកឲ្យត្រូវពន្លឺថ្ងៃ។ ហើយក្នុងមួយថ្ងៃត្រូវស្រោចទឹក ២ដង ព្រឹក និងល្ងាច។
២.ការរៀបចំដីសម្រាប់ដាំ
មុនពេលដាំគេបានភ្ជួរដី និងរាស់បំបែកឲ្យម៉ដ្ឋពី ២ ទៅ ៣សា ដាក់ជីលាមកគោ ១គីឡូក្រាម និងដីបាតត្រពាំង ៦០អំរែក ច្របល់លាយចូលគ្នាទ្រាប់បាត។ បន្ទាប់មកគេបានលើករងដែលមានបណ្តោយ ១៩ម៉ែត្រ ទទឹង ៨តឹក និងកំពស់រងប្រហែល ២តឹក។ នៅលើរងគេបានជីករណ្តៅដែលមានចន្លោះគុម្ព ៤តឹក។ ក្រោយពីសាបគ្រាប់ បានរយៈពេល ១៥ថ្ងៃ (កូនប៉េងប៉ោះមានកំពស់ ១តឹក) គេបានដកយកទៅដាំក្នុងរណ្តៅ។ ការដាំធ្វើនៅពេលល្ងាចត្រជាក់ ដោយជ្រើសរើសតែកូនប៉េងប៉ោះដែលថ្លោសល្អ និងគ្មានជំងឺយកទៅដាំ។
៣.ការថែទាំ
ក្រោយពីដាំហើយគេបានស្រោចទឹក ១ថ្ងៃ ២ដង ព្រឹក និងល្ងាច ជារៀងរាល់ថ្ងៃ។ ដាំបានរយៈពេល ១អាទិត្យ គាត់បានស្រោចជីទឹក (ជីត្រាំកូនត្រី)។ បន្ទាប់មកទៀតក្រោយពេលដាំរយៈពេល ២០ថ្ងៃ គេបានដាក់ជីលាមកគោ និងជ្រូកអស់ ៤០អំរែក នៅកណ្តាលរង និងស្រោចជីត្រីបន្ថែមពីលើទៀត រួចទើបគេលប់ដីកប់ជីនោះ។ ជីទឹកគេបន្តស្រោច ១អាទិត្យម្តង រហូតដល់ពេលប្រមូលផល។
៤.ការប្រមូលផល
ក្រោយពីសាប និងដាំអស់រយៈពេល ៧០ ទៅ ៧៥ថ្ងៃមក ប៉េងប៉ោះផ្លែអាចប្រមូលផលបាន។ ការប្រមូលផលធ្វើឡើង ២ ទៅ ៣ថ្ងៃម្តង រហូតដល់អស់ផ្លែ។
សរុបមកបច្ចេកទេសសំខាន់ក្នុងការដាំដំណាំប៉េងប៉ោះមាន៖
-រៀបចំថ្នាលព្រួសគ្រាប់ប៉េងប៉ោះ ដោយប្រើជីលាមកគោ និងដីបាតត្រពាំងទ្រាប់បាត
-ប្រើជីទឹកស្រោចបំប៉នកូនប៉េងប៉ោះលើថ្នាល
-ក្រោយពីព្រួសគ្រាប់ យកដីម៉ដ្ឋធម្មតាមករោយពីលើដើម្បីកុំឲ្យខ្ទាតគ្រាប់នៅពេលស្រោចទឹក
-រៀបចំដី និងកាប់រណ្តៅដាក់ជីលាមកសត្វ និងដីបាតត្រពាំងទ្រាប់បាត
-ដកកូនប៉េងប៉ោះមកដាំ ដោយជ្រើសរើសកូនថ្លោសគ្មានជំងឺ គ្មានជំងឺសត្វល្អិតបំផ្លាញ
-ប្រើជីលាមកសត្វ និងដីបាតត្រពាំងបំប៉ននៅតាមចន្លោះជួរ ព្រមទាំងប្រើជីទឹកបំប៉ន រហូតដល់ប្រមូលផល៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត