បច្ចេកទេសក្នុងការដាំដំណាំសាលាដ ដែលទទួលបានទិន្នផលល្អ

1542

១.​ការត្រៀម​ពូជ​សាប និង​ការ​សាប​គ្រាប់​
គេ​បានជ្រើសរើស​ពូជ ដោយ​ទិញ​ពី​ផ្សារ។ ក្នុងការ​ត្រៀម​ពូជ​សាប គេ​បាន​យក​គ្រាប់​ទៅ​ខ្ចប់​ក្រណាត់ ដែល​ងាយ​ជក់ទឹក ហើយ​ត្រាំ​ទុក ១​យប់ ដើម្បី​គ្រាប់​ស្រូបយក​ទឹកឆា​ប់​ដុះ​ពន្លក។ នៅលើ​រង​សាប ត្រូវរៀបចំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត​ទ្រាប់​បាត។ ក្រោយពី​សាប​គ្រាប់​ហើយ ត្រូវកាប់​ចិញ្ច្រាំ​កំទេច​ចំបើង​គ្របពីលើ ការពារ​ការ​ខ្ទាត​គ្រាប់​នៅពេល​ស្រោច​ទឹក និង​ជួយ​ថែរក្សា​សំណើម។

ចំពោះ​ការថែទាំ​ក្នុងពេល​សាប​ត្រូវ​ស្រោច​ទឹកមួយថ្ងៃ ២​ដង ​នៅ​រដូវប្រាំង និង​ដក​រំ​លោះ​កូន​ចេញ​ខ្លះ​នៅ​កន្លែង ដែល​ដុះ​ញឹក​ពេក ។ គេ​រក្សាទុក​ដើម​ដែល​ថ្លោស​ល្អ​សំរាប់​យកទៅ​ស្ទូង​លើ​រង។ ក្រោយពី​សាប​គ្រាប់​បាន​រយៈពេល ពី ១០-១៥​ថ្ងៃ ត្រូវ​ដក​កូន​សាលាដ​យកទៅ​ដាំ​នៅលើ​រង។​

២.ការរៀបចំ​ដី​
គេ​បានរៀបចំ​រង​ដាំ​សាលាដ ដោយ​ភ្ជួរ​ហាល​ដី​រយៈពេល ១៥​ថ្ងៃ បន្ទាប់មក​ភ្ជួរ​ត្រឡប់​ដី​រួច​រាស់​ឲ្យ​រាបស្មើ ទើប​លើក​ជា​រង ដែលមាន​ទទឹង ១,២ម៉ែត្រ ​បណ្តោយ ២០​ម៉ែត្រ និង​កំពស់​ ១,៥​តឹក។​ នៅលើ​រង​នីមួយៗ ត្រូវដាក់​ជីលា​មក​គោ​ពុកផុយ​ចំនួន ២៥​បង្គី បន្ទាប់មក​​ជ្រុំដី​បញ្ចូល​ទៅក្នុង​ដី​ឲ្យ​សព្វ រួច​ទុក​រយៈពេល ៣​ថ្ងៃ ​ទើប​ដក​កូន​មក​ដាំ។​

៣.ការដាំ ​និង​ថែទាំ​
នៅពេល​ដាំគេ​បាន​ដក​កូន​សាលាដ ដែលមាន​សុខភាព​ល្អថ្លោសៗយកទៅ​ស្ទូង។ ​គេ​ស្ទូង​ដោយ​ទុកចន្លោះ​ពី​គុម្ព​មួយ​ទៅមួយ ១,៥​តឹក។ ក្រោយពី​ស្ទូង​កូន​ហើយ ត្រូវ​កាត់​ចំបើង​គ្រប រួច​ស្រោច​ទឹក​មួយថ្ងៃ ២​ដង។ ត្រូវ​ឧស្សាហ៍​ជ្រុំ​ជ្រោយ​ដកស្មៅ និង​ស្រោច​ទឹក​ជី (​ជី​ផ្សំ​ពី​ទឹកនោម​មនុស្ស និង​សត្វ)។ ការ​ស្រោច​ជី​បំប៉ន​នេះ​ធ្វើ​នៅពេល​សាលាដ​អាយុ​បាន ១២​ថ្ងៃ ហើយ​ស្រោច​ក្នុង​រយៈពេល ១​អាទិត្យ​ម្តង។

ក្រៅពី​ធ្វើ​ស្មៅ និង​ដាក់​ជី ត្រូវ​ពិនិត្យ​ទៅលើ​ការបំផ្លាញ​របស់​សត្វល្អិត ប៉ុន្តែ​គេសង្កេតឃើញថា ដំណាំ​សាលាដ​ពុំមាន​សត្វល្អិត​បំផ្លាញ​ទេ ព្រោះ​ស្លឹក​របស់​សាលាដ​រលោង និង​មាន​ជាតិ​ជ័រ ហើយ​ម្យ៉ាងទៀត​គេបាន​ស្រោច​ទឹកនោម​ធ្វើ​ឲ្យ​ធុំក្លិន​ដល់​សត្វល្អិត​មិន​ហ៊ាន​មក​ជិត។​

៤.​ការប្រមូល​ផល​
គេចាប់​ប្រមូល​នៅពេល​សាលាដ​មាន​អាយុ ៣៥​ថ្ងៃ ក្រោយពី​ដាំ។ ត្រូវ​ផ្អាក​ស្រោច​ទឹក ១​ថ្ងៃ មុន​ប្រមូល​ផល។ នៅពេល​ប្រមូល​ផល​គេ​ប្រើ​ចបចក់ (​ចប​តូច​មុខ​ស្តើង​) ​ដក​ផ្តាច់​ឫស​ពី ២-៣​ផឹង ពី​គល់​ការប្រមូល​ផល​ធ្វើ​នៅពេល​ព្រឹក​ព្រលឹម។

​​ក្រោយពី​ប្រមូល​ផល​រួច​ ត្រូវធ្វើ​ការសំអាត​លាង​ទឹក (លាង​គល់​ដែល​ប្រឡាក់​ដី​) ការលាង​ទឹក​ទាំង​ស្លឹក​ធ្វើ​ឲ្យ​សាលាដ​ឆាប់​រលួយ។ ក្រោយពី​សំអាត​រួច​ ត្រូវរៀបចំ​ដាក់​ក្នុង​កញ្ឆេ (​កញ្ឆេ​មាន​ទ្រាប់​ស្លឹក​ចេញ ឬ​ស្លឹក​ឈូក) ដោយ​ត្រៀម​ជា​ជួរ​រក្សា​ឲ្យ​មាន​ចន្លោះ​ខ្យល់​ចេញចូល​ល្អ ដើម្បី​ជៀសវាង​ការ​ឆាប់​រលួយ។​

សរុប​មកប​ចេ្ច​ក​ទេស​សំខាន់ៗក្នុង​ការដាំ​ដំណាំសាលាដ​មាន៖

-​ត្រៀម​គ្រាប់​ដាំ​ដោយ​យក​គ្រាប់​ខ្ចប់​ក្រណាត់​រួច​ដាក់​ត្រាំ​ទឹក ១​យប់ ​ឲ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក​
-​ថែទាំ​ស្រោច​ទឹក​សាលាដ​នៅលើ​ថ្នាល​សាប​
-​ដក​រំ​លោះ​ដើម​តូចៗ​ចោល ទុក​ដើម​ធំ​ថ្លោសៗ នៅលើ​ថ្នាល​សំរាប់​ដាំ​

-​រៀបចំ​រង​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ពុកផុយ​ទ្រាប់​បាត​រង​
-​ស្ទូ​វ​កូន​សាលាដ​លើ​រង​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ១.៥​តឹក
-​ថែទាំ​ស្រោច​ទឹក ដកស្មៅ និង​កាត់​ចំបើង​ខ្លីៗ​គ្រប​លើ​រង៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE