ឈ្មោះ កម្ពុ និងមេរា នៅសិលាចារឹកប្រាសាទបក្សីចាំក្រុងអាចជានាំអោយកើតជាឈ្មោះ កម្ពុជា…!

956

ប្រាសាទ​បក្សីចាំក្រុង​ស្ថិត​នៅ​កណ្ដាល​ព្រៃស្រោង​ ខាង​ឆ្វេង​ផ្លូវ​ ​និង​ខាង​ជើង​ភ្នំ​បាខែង​ ​ប្រហែល​១៥០​ ​ម៉ែត្រ​ ​មាន​កាំជណ្ដើរ​ស្ថាបនា​ដោយ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ពណ៌​ក្រហម ។ នៅ​ម្ដុំ​ប្រាសាទ​នេះ​ក៏​មាន​ប្រាសាទ​តូចៗ​មួយ​ចំនួន​ទៀត​កសាង​អំពី​ឥដ្ឋ​ ​ដែល​ខ្លះ​បាំង​បាត់​ដោយ​រុក្ខជាតិ​ ដែល​នៅ​ឆៀង​ខាង​ជើង មាន​ប្រាសាទ​ពីរ​បី ដូចជា ​ប្រាសាទ​បាយក្អែក និង​ប្រាសាទ​បី ជាដើម ។​

ប្រាសាទ​បក្សីចាំក្រុង​មាន​កម្ពស់២៧ម៉ែត្រ គិត​ពី​បាត​ដល់​កំពូល មាន​​រាង​ជា​សាជី​ ​មាន​ថ្នាក់ៗ​ ​ធ្វើ​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិស​ខាងកើត។​ប្រាសាទ​នេះ​មាន​៤​ថ្នាក់​ ​កសាង​ពី​ថ្ម​បាយក្រៀម​បន្ដុប​ ​ប្រាសាទ​ឥដ្ឋ​ខាងលើ​ ​មាន​ជណ្ដើរ​គ្រប់​ទាំង​បួន​ទិស​ ​ទ្វារ​បញ្ឆោត​បី​ទិស​ តែ​ក្បាច់​រចនា​សម្រាប់​បិទ​ពី​ក្រៅ​បាត់បង់​អស់​ហើយ​នៅ​សល់​តែ​ក្បាច់​ផ្ដែ ​រលើ​ខ្លោងទ្វារ​នៅ​ល្អ​​មាន​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឰរាវ័ណ​ ​ឯ​ចុង​ទាំង​សង​ខាង​មាន​គណេស​ និង​មាត់ទ្វារ​ខាងកើត​មាន​សិលាចារឹក។

តាម​ឯកសារ​បាន​បញ្ជាក់​ថា ​កាលពី​ជំនាន់​កសាង​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារឹក​អ្វី​ឡើយ​ លុះដល់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២(៩៤៤​‑​៩៦៨គ.ស)​នាំ​រាជធានី​ពី​កោះកេរ​មក​តាំង​នៅ​អង្គរ​សា​ថ្មី​វិញ​នៅ​គ្រិស្ដ​សករាជ​ ៩៤៨​ ​ទើប​ព្រះ​អង្គ​ឱ្យ​គេ​ចារឹក​កាព្យ​សំស្ក្រឹត​នៅ​លើ​មេ​ទ្វារ​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃ​លែង​ ព្រោះ​មាន​និទាន​អំពី​បុព្វការី​ជន​ដំបូង​បង្អស់​នៃ​ជនជាតិ​ខ្មែរ​ក្នុង​ លំនាំ​រឿង​ព្រេង​ដែល​បាន​និយាយ​ថា​ខ្មែរ​មាន​តំណ​ពូជ​ពង្ស​មក​ពី​ឥសី​មួយ​អង្គ​ព្រះ​នាម​​“កម្ពុ​” ដែល​បង្កើត​ដោយ​ឯកឯង​(ស្វាយម្ភូ)។

ឥសី​នោះ​ទៅ​ភព​ប្រសព្វ​នឹង​ទេពកញ្ញា​ឈ្មោះ​ ​“មេរា” ទើប​បង្កើត​ជា​កូន​ចៅ​តរៀង​មក។សិលា​ចារឹក​ក៏​បាន​រៀបរាប់​ដោយ​ដឹង​ថា ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី២បាន​សាង​រូប​ព្រះ​ឥសូរ​ដោយ​មាស​សុទ្ធ តម្កល់​ទុក​ក្នុង​ប្រាសាទ​នេះ តែ​ឥឡូវ​នេះ មិន​ឃើញ​រូប​ព្រះ​ឥសូរ​នោះ​ទេ ឃើញ​តែ​ព្រះ​ពុទ្ធរូប​ចូល​និព្វាន​វិញ។កាល​ពី​ដើម​ប្រាសាទ​បក្សីចាំក្រុង​ប្រហែល​ជា​មាន​កំពែង​ព័ទ្ធ​ជុំវិញ ព្រោះ​ឃើញ​មាន​សំណល់​ខ្លះ។​​ប្រាសាទ​បក្សីចាំក្រុង​កសាង​នៅ​លើ​ស្ថានីយ​បុរេប្រវត្ដិ​មួយ​នៃ​យុគ​សំរឹទ្ធិ ៕​

ប្រភពឯកសារ៖ប្រវត្តិសាស្រ្តខ្មែរ(អ្នកស្រី្តត្រឹង ងារ)

SHARE