ប្រាសាទមឿងតាំ ឬប្រាសាទក្រោម ប្រាសាទបុរាណខ្មែរមួយដែលស្ថិតក្នុងប្រទេសថៃបច្ចុប្បន្ន…!!

478

​ ​ប្រាសាទ​ក្រោម​ស្ថិតនៅ​ភូមិ​គោក​មឿង ស្រុក​ព្រះ​កូន​ជ័យ (​ប្រា​គូ​ន​ជ័យ​) ខេត្ត​បុរីរម្យ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​។ ជនជាតិ​ថៃ​ដើមកំណើត​ខ្មែរ​ដែល​រស់នៅ​យ៉ាង​កុះករ​នៅ​ជិត​ប្រាសាទ​នៅឡើយ គេ​ហាក់ដូចជា​នៅតែមាន​អារម្មណ៍​កំពុងស្ថិត​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារតែ​ទិដ្ឋភាព​នៃ​ប្រាសាទ​ក្រោម មាន​រចនា​បទ និង​រក្សា​សោ​ភ័​ណ្ឌ​ភាព​ដូច​ប្រាសាទបាពួន​យ៉ាង​ដូច្នោះ​ដែរ​។​


​ ​ប្រាសាទ​ក្រោម ឬ​មឿ​ងតាំ មាន​លក្ខណៈពិសេស​ជាង​គេ ដោយមាន​កំពែង​ពីរ​ជាន់ គឺ​កំពែង​ខាងក្រៅ និង​ខាងក្នុង​ព័ទ្ធជុំវិញ​ប្រាសាទ​។ នៅតាម​ទិស​នៃ​កំពែង​នីមួយៗ គេ​ឃើញ​មាន​ក្បូរក្បាច់ និង​ក្បាច់​ផ្តែរ​យ៉ាង​ល្អ​ក្រៃលែង​គួរ​ឲ្យ​ចង់​គយគន់​។ បុរាណ​ស្ថាន​ដ៏​ស្រស់ប្រិមប្រិយ​នេះ មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​ប្រាង្គ​ធ្វើំ​អំពី​ឥដ្ឋ​ចំនួន​ប្រាំ និង​មាន​ស្រះ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​។ នៅ​ជុំវិញ​ស្រះ​ទឹក​មាន​រៀប​ជា​បង្កាន់ដៃ​ថ្ម ដែលមាន​រាង​ជា​នាគរាជ​ក្បាល​បី​ហ៊ុមព័ទ្ធ​ជុំវិញ​។​


​នៅក្បែរ​ប្រាសាទ​ក្រោម គេ​ឃើញ​មាន​បារាយណ៍​ទឹក​មួយ​យ៉ាង​ធំ ដែលមាន​បណ្តោយ​ដល់ ១០០០​ម៉ែត្រ (​មួយ​គីឡូម៉ែត្រ​) ឯណោះ និង​មាន​ទទឹង​កន្លះ​គីឡូម៉ែត្រ​។ ស្រះ​បុរាណ​ដ៏​ធំ​នេះ ត្រូវបាន​ជីក​ឡើង​នៅ​សម័យ​សាងសង់​ប្រាសាទ​តែម្តង នា​សតវត្សរ៍​ទី​១១ នៃ​គ្រិស្តសករាជ​។ បច្ចុប្បន្ន​គេ​ស្តារ​ស្រះ​នេះ​ដើម្បី​យក​ទឹក​ផ្គត់ផ្គង់​ជូន​អ្នកស្រុក​នៅ​ទីនោះ​សម្រាប់​ធ្វើស្រែ ចម្ការ​។​


​ ​ប្រាសាទ​ក្រោម ធ្វើ​ពី​ឥដ្ឋ​ត្រូវបាន​សាងសង់​ឡើងជា​ពីរ​ជួរ សម្រាប់​តម្កល់​ព្រះ​ទេវរូប និង​លិង្គព្រះឥសូរ ដែលជា​គ្រឿង​សិរី​មង្គល​សម្រាប់​ស្រុកភូមិ​នៃ​ប្រជាជន​រស់នៅ​តំបន់​នេះ​។ ប្រាសាទ​នេះ​បច្ចុប្បន្ន​ត្រូវបាន​ក្រុម​សិល្បករ​ថៃ​ជួសជុល​ឡើងវិញ ដោយសារតែ​រចនា​ប​ទ​របស់​ប្រាសាទ​មាន​លក្ខណៈ​យ៉ាង​ល្អ​។​



​អតីត​ប្រាសាទ​ក្រោម​របស់​ខ្មែរ​នេះ បាន​សាងសង់ឡើង​សម្រាប់​ការ​ឧទ្ទិស​ដល់​លទ្ធិ​សាសនាព្រាហ្មណ៍​។ នៅតាម​ចម្លាក់​ហោជាង និង​ផ្តែរ​នៃ​ប្រាង្គ​ប្រាសាទ​ខាងជើង គេ​ឃើញ​ខ្មែរ​បុរាណ​ឆ្លាក់​ទេវ​កថា​ដែល​មានរឿង​ទាក់ទិន​ទៅនឹង​ព្រះ​ឥសូរ​គង់ប្រថាប់​លើ​គោ​ន​ន្ទិ​ន ដោយមាន​បីទ្រ​ត្រកង​នាង​បរ​វ​ត្តី​។ ព្រះ​គោ​ន​ន្ទិ​ន​ទ្រង់​ឈរលើ​ក្បាល​រា​ហ៊ូ ក្បែរ​សិង្ហ​មួយគូ​ដែល​កំពុង​ព្រួស​ភួងផ្កា​ដ៏​ស្រស់បំព្រង​។ នៅ​ដៃ​ព្រះ​ឥសូរ មាន​កាន់​ត្រីសូ​ល៌ ដែលជា​អាវុធ​ប្រកបដោយ​មហិទ្ធិឫទ្ធិ​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​។ ឯ​នៅតាម​ផ្តែរ​ទាំងអស់ គេ​ឃើញ​មា​ចម្លាក់​រូប​ឥសូរ​ដប់​អង្គ​អង្គុយ​លុតជង្គង់​លើកដៃ​ប្រណម្យ​។​

​ ​សូម​ជម្រាប​បន្ថែមទៀតថា ទេវស្ថាន​ដ៏​ស្រស់ត្រកាល​នៅ​បន្ត​រហូតមក​ដល់ពេលនេះ ដែល​ស្ថាបត្យករ​ខ្មែរ​បុរាណ​កសាងឡើង​មាន​រចនា​បទ​តាម​ប្រាសាទបាពួន និង​មាន​សភាព​ដូច​ប្រាសាទព្រះវិហារ​ដែរ​។ ទេពកោសល្យ​នៃ​ការកសាង​ប្រាសាទ​នេះ គឺជា​ព្រះតម្រិះ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ឆ្នើម​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ នៅពេលដែល​ខេត្ត​នេះ​នៅ​ជា​ទឹកដី​របស់​ខ្មែរ​នៅឡើយ​។​
​ ​ជា​អវសាន សូម​រំឭកថា អ្នកស្រុក​ក្នុង​ខេត្ត​នេះ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិខ្មែរ នៅ​រក្សា​ភាសា និង​ប្រពៃណី​ដូនតា​របស់​ជាតិ​ខ្លួន ទោះបីជា​បានក្លាយ​ទៅជា​ជនជាតិភាគតិច​ក៏ដោយ​៕

 

សូមទស្សនាវីដេអូ៖ Nation RADIO Station FM 94MHz

SHARE