វិធីធ្វើស្ងោរចាប់ឆាយ ឆ្ងាញ់ៗ!

1139

គ្រឿងផ្សំ៖ ឆ្អឹងជំនី ឬសាច់មាន់ ៥០០ក្រាមកាប់ជាដុំៗល្មម,ស្បែកជ្រូក ២០០ក្រាមកាត់ជាដុំៗ,ត្រចៀកកណ្តុរ ១៥០ក្រាមកាត់ជាដុំ,ពពុះសណ្តែក ១៥០ក្រាមកាត់រាងវែងបន្តិច,ស្ពៃក្តោប ៣០០ក្រាមកាត់ជាដុំ,ការ៉ុត ១មើមចិតជាដុំ,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករស កន្លះស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស,ទឹកត្រី ២-៣ស្លាបព្រាបាយ,ហ៊ាប៊ីយាហ៊ឺ ១៥០ក្រាម,អាចបន្ថែមបន្លែដូចជា ឆៃថាវ ខាត់ណា (តាមចំណូលចិត្ត),ប្រេងឆា ៣-៥ស្លាបព្រាបាយ, ទឹកធម្មតា ឬទឹកស្ងោរមាន់(បើមានយកមកស្លរកាន់តែឆ្ងាញ់),ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖
១.យកស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែក និងហ៊ាប៊ីយាហ៊ឺ ដាក់ត្រាំឲ្យរីក រួចស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលឆ្នាំងទុកឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់ចូលរំលីងជាមួយខ្ទឹមឲ្យសាច់រាងឆ្អិនបន្តិចសិន

៣.បន្ទាប់មកដាក់គ្រឿងចូល ទឹកត្រី ស្ករស និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ (បើគោកដាក់ទឹក ឬទឹកស្ងោរមាន់ចូលបន្តិច) ចាំដាក់ ហ៊ាប៊ីយាហ៊ឺ ស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែកចូលច្របល់ចូលគ្នាទាំងអស់ ហើយចាក់ទឹក ឬទឹកស្ងោរមាន់ចូល ទុករម្ងាស់ឲ្យពុះ

៤.ពេលពុះហើយ ដាក់ការ៉ុត ស្ពៃក្តោប និងបន្លែទាំងអស់ចូលកូរវាបន្តិចទៀត ដាក់ទឹកចូលយកស្រេច គ្របទុករហូតទាល់តែបន្លែឆ្អិនល្មមតាមដែលចង់បាន ពេលហូបដួសដាក់ចានរោយស្លឹកខ្ទឹមពីលើជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE