រូបមន្តវិធីធ្វើផ្អកត្រីប្រៃ ឬផ្អកកំពឹស!

1168

គ្រឿងផ្សំ៖ កំពឹស ៥ចានចង្កឹះ,អំបិល កន្លះចានចង្កឹះ,រំដេងខ្ចី ១ដុំធំល្មម ហាន់ជាសសៃៗ,ល្ហុងខ្ចី ១ផ្លែតូចល្មម ឈូស ឬសាប់ជាសសៃៗ,ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកស្អាត ១ចានចង្កឹះ,អង្ករលីង ៣/៤ចានចង្កឹះ កិន ឬបុកឲ្យម៉ត់, កែវ ឬក្រឡ សម្រាប់ផ្អាប់។


វិធីធ្វើ៖
១.លាងកំពឹសឲ្យស្អាតល្អ ដាក់ឲ្យស្រស់ទឹក រួចដាក់អំបិលចូលលាយឲ្យសព្វល្អ គ្របឲ្យស្អាតទុកចោលប្រហែលកន្លះម៉ោង


២.បន្ទាប់មកយកញាត់ចូលក្នុងកែវ ឬក្រឡ (ត្រូវញាត់ឲ្យពេញណែនកុំឲ្យមានសល់ចន្លោះក្នុងកែវ បើនៅសល់ចន្លោះត្រូវរោយអំបិលពីលើបន្តិចរួចដាក់ថង់ស្អាតពីលើ បើនៅចន្លោះអាចបណ្ដាលឲ្យផ្អកធុំក្លិនចូលខ្យល់បាន) ផ្អាប់ទុករយៈពេល ៥យប់។


៣.បន្ទាប់ពីផ្អាប់ទុកបាន ៥យប់ហើយ ត្រូវកូរស្ករត្នោតលើភ្លើងឲ្យក្រហមឈ្ងុយ រួចចាក់ទឹកស្អាតចូលស្កររម្ងាស់ឲ្យពុះ

៤.រួចហើយយកកំពឹសដែលផ្អាប់ យកដាក់ក្នុងចានធំល្មមដើម្បីស្រួលលាយ រួចចាក់ទឹកស្ករដែលរម្ងាស់ពុះហើយចូលកូរឲ្យសព្វ ហើយដាក់អង្ករលីង និងរំដេងហាន់ចូលលាយឲ្យសព្វ រួចហើយញាត់ចូលកែវ ឬក្រឡវិញ (កុំឲ្យពេញពេក ខ្លាចពេលអង្ករលីងរីកនាំឲ្យហៀរទឹកចេញក្រៅ) ផ្អាប់ទុកចោល ១យប់ទៀត (ឲ្យអង្ករលីងកាច់ចូលជាតិ ទើបអាចដាក់ល្ហុងបាន បើដាក់ល្ហុងតែម្ដងផ្អកនឹងធុំក្លិនឆ្អាប)។

៥.បន្ទាប់ពីទុក ១យប់ហើយ ចាក់ពីកែវមកម្ដងទៀត ដាក់លាយល្ហុងខ្ចីឲ្យសព្វល្អ រួចដាក់ញាត់ចូលកែវវិញ ទុក ១-២យប់ អាចយកមកហូបបានហើយ។


៦.ពេលលាយហូប ភ្លក្សមើលបើសិននៅស្ទើរផ្អែម ឬមិនទាន់ជូរ អាចថែមស្ករស និងក្រូចឆ្មារបន្តិចតាមចំណូលចិត្ត។ ផ្អកនេះអាចហូបជាមួយបាយ ផ្ទាប់ពពាយខ្ចី ត្រសក់ ខ្ញីខ្ចីក៏បាន ឬអាចផ្ទាប់ជាមួយត្រីអណ្ដែងអាំងក៏បាន។ *ដើម្បីរក្សាបានយូរថ្ងៃ អាចដាក់ក្នុងទូរទឹកកកអាចហូបបាន ៤-៥ថ្ងៃដែរ៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE