គ្រឿងផ្សំ៖ ឆ្អឹងជំនីខ្ចី ៣០០ក្រាម(កាប់ជាដុំៗល្មម),ប៉េងប៉ោះ ម្នាស់ ខ្ទឹមបារាំង ម្ទេសប្លោក,ម្សៅបំពង ៥ស្លាបព្រាបាយ,ខ្ទឹមចិញ្រ្ចាំ,ទឹក ១ចានចង្កឹះ,ម្សៅឆា ១ស្លាបព្រាបាយ,ទឹកត្រី ១/២ស្លាបព្រាបាយ,អំបិលបន្តិច,ស្ករស ១/២ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ៩ស្លាបព្រាបាយ,ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.យកប៉េងប៉ោះ ម្នាស់ ខ្ទឹមបារាំង និងម្ទេសប្លោក ហាន់ជាចំណិតៗ ឬជាដុំៗល្មម(តាមចំណូលចិត្ត) ហើយទុកមួយអន្លើ
២.យកម្សៅបំពងដាក់លាយជាមួយទឹកបន្តិចឲ្យខាប់ៗល្មម រួចយកឆ្អឹងជំនីដាក់ប្រឡាក់ជាមួយម្សៅឲ្យសព្វ ហើយយកដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយអន្លើ
៣.យកទឹកដាក់លាយជាមួយម្សៅឆា ទឹកត្រី អំបិល ស្ករស និងទឹកប៉េងប៉ោះលាយចូលគ្នាកូរឲ្យសព្វ ភ្លក្សមើលរសជាតិជូរផ្អែមប្រៃល្មមស្មើគ្នា
៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បន្លែទាំងអស់ចូល ចាក់គ្រឿងផ្សំដែលលាយហើយចូលឆាច្របល់ជាមួយគ្នាឲ្យបន្លែឆ្អិនបន្តិច ហើយដាក់ឆ្អឹងជំនីបំពងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។