គ្រឿងផ្សំ៖ មាន់ ៧០០ក្រាម ហាន់ជាដុំៗល្មម,ក្រូចងាំង៉ូវ ១-២ផ្លែ,គល់ស្លឹកគ្រៃ ១គល់ កាត់ខ្លីៗដំឲ្យបែក,ស្លឹកក្រូច ៣សន្លឹក,រំដេងបន្តិច ដំឲ្យបែក,ទឹកត្រី ១ស្លាបព្រាបាយ,អំបិលបន្តិច,ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ,ស្ករស ២ស្លាបព្រាកាហ្វេ,ខ្ទឹមស ៣កំពឹស ដំឲ្យបែក,ប្រេងឆា ១ស្លាបព្រាបាយ,ស្លឹកខ្ទឹម ស្លឹកជីរ ហាន់ល្អិតៗ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងចូលបន្តិច ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងស្លឹកក្រូចរំលីងឲ្យឈ្ងុយ រួចដាក់សាច់មាន់ចូលឆាឲ្យស្ងួតទឹក រួចដួសទុកមួយអន្លើ
២.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ ដាក់អំបិល ទឹកត្រី ម្សៅស៊ុប និងស្ករស ១ស្លាបព្រាកាហ្វេ រួចដាក់សាច់មាន់ចូលរំងាស់ឲ្យផុយ
៣.យកក្រូចងាំង៉ូវពុះជាបួនដាក់ចូលកូនចាន ដាក់ទឹកងាំង៉ូវ ១ស្លាបព្រាបាយ និងស្ករស ១ស្លាបព្រាកាហ្វេ ច្របល់ឲ្យសព្វ ទុកមួយអន្លើ
៤.បន្ទាប់មកពេលសម្លឆ្អិនដួសដាក់ចានសម្រាប់ទទួលទាន ដាក់ងាំង៉ូវ និងស្លឹកខ្ទឹម ស្លឹកជីរ ភ្លក្សរសជាតិល្មមតាមចូលចិត្តជាការស្រេច។ បើចូលចិត្តអាចខ្ទឹមលីងចូលកាន់តែឈ្ងុយឆ្ងាញ់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។