គ្រឿងផ្សំទី១៖ កង្កែប ៤ក្បាលធំៗល្មមកាប់ជាដុំៗល្មម), គល់ស្លឹកខ្ទឹម ៥គល់ហាន់ល្អិតៗ,ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត,ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ, ម្ទេសហាន់បើចង់បានហឹរ (ដាក់ ឬមិនដាក់ក៏បាន),ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) ២ស្លាបព្រាបាយ។គ្រឿងផ្សំទី២៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ,ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ,ម្សៅឆា ១ស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ។ គ្រឿងផ្សំទី៣៖ ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ,ទឹក ១០០មីលីលីត្រ។ ស្លឹកខ្ទឹម កាត់វែងៗល្មម។
វិធីធ្វើ៖
១.យកកង្កែបលាយជាមួយគ្រឿងផ្សំទី២ ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ប្រេងល្ង ម្រេចម៉ត់ និងម្សៅឆាច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយអន្លើប្រហែល ៣០នាទី
២.លាយគ្រឿងផ្សំទី៣ចូលគ្នា ទឹកស៊ីអ៊ីវ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ អំបិល ម្រេចម៉ត់ និងទឹកចូលកូរចូលគ្នាឲ្យសព្វ ទុកមួយអន្លើ
៣.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមស គល់ស្លឹកខ្ទឹម ខ្ញី និងម្ទេសហាន់រំលីងឲ្យឈ្ងុយ រួចដាក់កង្កែបដែលលាយគ្រឿងហើយចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១-២នាទី
៤.បន្ទាប់មកចាក់គ្រឿងផ្សំទី៣ដែលលាយហើយចូល ទុករម្ងាស់ឲ្យពុះប្រហែល ៥នាទី រួចដាក់ម្សៅឆាលាយជាមួយទឹកចូល(ដើម្បីឲ្យខាប់) ច្របល់ចូលគ្នារហូតឆ្អិនហើយខាប់ល្មម ហើយដាក់ស្លឹកខ្ទឹមចូលពីលើជាការស្រេច។ ទទួលទានខកង្កែបជាមួយបបរសក្តៅៗ ថែមស្លឹកខ្ទឹមហាន់ និងខ្ញីហាន់ជាសរសៃៗចូលពីលើទៀតឆ្ងាញ់ណាស់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។